
កាលបរិច្ឆេទ: ០៩ កក្កដា ២០២៦ / សុខភាព / Author : ATH Sokren
ផលិតផលឱសថសម្រាប់សុខភាពស្រ្តីដូចជាថ្នាំ Mucogyne និងទឹកអនាម័យស្រ្តី Saforelle របស់ក្រុមហ៊ុនបារាំង BIOCODEX នាំចូលផ្តាច់មុខដោយសហគ្រាស PPM Trad និងថ្នាំ Gynomax របស់សហគ្រាសផ្ទាល់ ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងឱកាសសិក្ខាសាលាប្រចាំឆ្នាំនៃសមាគមសម្ភព និងរោគស្រ្តីវិទ្យា (SCGO) លើកទី២៥ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ។ ក្រោមប្រធានបទ «ពង្រឹងការសង្រ្គោះបន្ទាន់ផ្នែកសម្ភព» សិក្ខាសាលាមានអ្នកចូលរួមផ្ទាល់ ៣៤៥ នាក់ និងចូលរួមតាមអនឡាញចំនួន ៥៧ នាក់ ក្នុងចំណោមនោះមានអ្នកជំនាញជាតិ និងអន្តរជាតិជាច្រើនរូប។
ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានកោតសរសើរតួនាទីរបស់សមាគមក្នុងការអភិវឌ្ឍសមត្ថភាពរបស់អ្នកជំនាញ និងកែលម្អគុណភាពសេវាកម្ម ជាពិសេសសម្រាប់សុខភាពមាតា ទារក និងស្រ្តី។ លោកបានរម្លឹកថា ជំងឺដែលត្រូវសង្រ្គោះបន្ទាន់ផ្នែកសម្ភពដូចជាការហូរឈាមក្រោយសម្រាល ជំងឺលើសឈាម ជំងឺក្រឡាភ្លើង ការឆ្លងមេរោគធ្ងន់ធ្ងរ និងការសម្រាលកូនដ៏ស្មុគស្មាញ នៅតែជាមូលហេតុចម្បងនៃការស្លាប់របស់ម្តាយ និងទារកនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យឡឹម តារា សង្កត់ធ្ងន់ពីសារសំខាន់នៃការត្រួតពិនិត្យកត្តាហានិភ័យតាំងពីដំបូង ការផ្ទេរអ្នកជំងឺឱ្យបានឆាប់រហ័ស និងការព្យាបាលប្រកបដោយប្រសិទ្ធភាពដើម្បីកាត់បន្ថយផលវិបាក និងអត្រាមរណភាព។ លោកក៏បានគូសបញ្ជាក់ផងដែរពីសារសំខាន់នៃក្រមសីលធម៌វិជ្ជាជីវៈ និងទំនាក់ទំនងប្រកបដោយគុណភាពជាមួយអ្នកជំងឺ ដែលជាធាតុផ្សំសំខាន់ៗដើម្បីពង្រឹងសុវត្ថិភាពនៃការព្យាបាល និងទំនុកចិត្តពីសាធារណជន។
នៅឯស្តង់របស់សហគ្រាសផលិតឱសថប៉េប៉េអឹម កញ្ញាខឹម ហ៊ុយមាន មកពីនាយកដ្ឋានម៉ាកាធីង និងនាំចេញ បានកត់សម្គាល់ឃើញការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រូពេទ្យឯកទេសរោគស្ត្រីចំពោះផលិតផលដែលដាក់តាំងបង្ហាញ ដូចជាទឹកអនាម័យស្រ្តី Saforelle ថ្នាំ Mucogyne ថ្នាំGynomax ថ្នាំ Ovazol និងថ្នាំ Gynomix ជាដើម។ កញ្ញាបានឱ្យដឹងថា គ្រូពេទ្យទទួលស្គាល់គុណភាព និងប្រសិទ្ធភាពរបស់ផលិតផលទាំងនេះ ក្នុងការព្យាបាលជំងឺផ្លូវភេទស្រ្តី៕